បញ្ចប់​ការ​ប្រកួត​កាយ​សម្ព័ន្ធ​ជើង​ឯក​ ថោង​ ខុន​ កីឡាករ​រីកចម្រើន​ខ្លាំង​បើ​ធៀប​និង​ឆ្នាំ​ចាស់

ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ពានរង្វាន់​ ថោង​ ខុន​ លើក​ទី១​ បញ្ចប់​ទៅ​ហើយ​កាល​ពី​ម្សិលមិញ​នេះ​ ដោយ​មើល​ឃើញថា​កម្រិត​បច្ចេកទេស​និង​សមត្ថភាព​មាន​ការ​រីកចម្រើន​ជាង​ឆ្នាំ​ចាស់​ទៅ​ទៀត។​


លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​សហព័ន្ធ​កាយសម្ព័ន្ធ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី១​ហើយ​ដែល​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​ថ្នាក់​ជាតិ​ដោយ​ខ្លួន​ឯង​តាម​រយៈ​ការ​ផ្ដល់​ជា​ថវិកា​ដោយ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា។​ ការ​ប្រកួត​ជ្រើសរើស​ជើង​​ឯក​ពានរង្វាន់​ខាង​លើ​នេះ​បញ្ចប់​ទៅ​ដោយ​រលូន​និង​ជោគជ័យ។​


អគ្គលេខាធិការ​រូប​នេះ​បន្ថែម​ថា​ បើ​តាម​ការ​សង្កេត​មើល​ជាក់​ស្ដែង​ឃើញ​ថា​កីឡាករ​ កីឡា​ការិនី​មាន​ការ​ខិតខំ​ប្រកួត​ប្រជែង​គ្នា​ប្រកប​ដោយ​ក្រម​សីលធម៌​ ប្រកួត​ដោយ​គោលការណ៍​ Fair Play​ ហើយ​ប្រៀបធៀប​ពី​ឆ្នាំ​មុន​ៗ​ ទាំង​គុណភាព​ និង​គុណ​ផល​មាន​ការ​កើន​ឡើង​ប្រសើរ​ជាង​មុន​ទៅ​ទៀត។​





ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ពានរង្វាន់​ ថោង​ ខុន​ លើក​ទី១​នេះ​ប្រព្រឹត្តិ​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២៤-២៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ។​ កីឡាករ​ កីឡា​ការិនី​ចូលរួម​ប្រកួត​មក​ពី​៤រាជធានី​ខេត្ត​ ទី១​ រាជធានី​ភ្នំពេញ​ ទី២​តាកែវ​ ទី៣​ក្រចេះ​ និង​ទី៤​កំពង់ឆ្នាំង​ ដែល​សរុប​ទាំង​មាន​ចំនួន ៤២នាក់៕​
Previous
Next Post »
Powered by Blogger.